តួ​នាទី​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សង្គម​ខ្មែរ​

 


ព្រះ​ពុទ្ធ​សាសនា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅចូល​ទៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ដែល​ដូនតា​ខ្មែរ​បាន​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ចាប់​ខ្ជួន ក៏​បុន្តែ​នាពេលបច្ចុប្បន្ននេះ​ ​មាន​សាសនា​ដទៃ​ជា​ច្រើន​បាន​ចូល​មក​ស្រុក​ខ្មែរ ហើយ​កំពុងតែ​រត់​ប្រណាំង​នឹង​ព្រះ​ពុទ្ធ​សាសនា ជា​ពិសេស​ចរន្ត​សាសនា​បស្ចឹម​ប្រទេស ក៏​ដូចជា​អឺរ៉ុប​បាន​ចូល​មកផ្សព្វ​ផ្សាយ​លើ​ទឹក​ដី​ខ្មែរ តាម​រយៈ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​បើក​ទូលាយ​សិទ្ធិ​ជំនឿ​សាសនា​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។ យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​មិន​អាចដក​ចិត្ត​គំនិត​ចេញ​ពី​សាសនា​មួយ​នេះ​បាន​ឡើយ។

តើតួ​នាទី​ព្រះ​ពុទ្ធ​សាសនា​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​ចំពោះ​សង្គម​ខ្មែរ?
ព្រះ​ពុទ្ធ​សាសនា គឺ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ក្នុង​ការទ្រទ្រង់​លោក ដែល​បង្ហាញ​ពី​សេចក្ដី​ពិត​របស់​ធម្ម​ជាតិ ហើយ​ទ្រឹស្ដី​ទាំង​នោះ​ជំរុញ​ឱ្យ​មនុស្ស​ជាតិ​ទទួល​យក​ទៅ​ប្រើ​ប្រាស់​ដើម្បីបង្កើត​ការ​ដឹក​នាំ ត្រឹះរិះ​ពិចារណា​ធ្វើ​អ្វី​មួយ​ទៅ​តាម​ហេតុ​បច័្ចយលំ​នាំ​ព្រះ​ធម៌។ ព្រះធម៌​នេះ​ហើយ ដែល​ទ្រទ្រង់​លោក​ឱ្យ​ស្គាល់​អំពើ​អាក្រក់ ល្អ បុណ្យ បាប សុខ ទុក្ខ និង​វិនិច្ឆ័យ​រក​យុត្តិធម៌ អ​យុត្តិធម៌ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា ដែល​ជា​មធ្យោបាយ​ក្នុង​ការអភិវឌ្ឍ​សង្គម។ មាន​ហេតុ​ផល​ច្រើន​ដែល​អាច​យកមក​ពន្យល់​ឱ្យ​ឃើញ​ពីតួ​នាទី​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​សង្គម​ខ្មែរ។

ជុំ​វិញ​បរិបទ​ខាង​លើ​បាន​ស្ដែង​ឱ្យ​ឃើញ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ព្រះ​ពុទ្ធ​សាសនា​កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​លើការ​ជួយ​បណ្តុះ​សីលធម៌​ដល់​ជាតិ​ខ្មែរ។ ជាក់​ស្តែង គេ​សង្កេត​ឃើញ​មាន​ព្រះ​សង្ឃជា​ច្រើន​អង្គ​កំពុង​បាន​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​ដល់​ការអភិវឌ្ឍ​សង្គម​ខ្មែរ តាម​រយៈការ​ចុះ​អប់រំ​ចិត្ត​គំនិត​មនុស្ស​ឱ្យ​ល្អ​ប្រពៃ​ដោយ​ផ្ទាល់​នៅ​តាម​សហគមន៍ និង​បាន​ទេសនា​អប់រំ​ពីធម៌​វិន័យ ព្រម​ទាំង​ជួយ​បណ្ដុះ​សីលធម៌​ដល់​ជាតិ​ខ្មែរ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​មាន​វិទ្យុ ទូរទស្សន៍ ជា​ដើម។

ជា​មួយ​នឹង​គ្នា​នេះ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ជួយ​បង្កើត​ហេដ្ឋា​រចនា​សម្ពន្ធ​បម្រើ​វិស័យ​សង្គម​កិច្ច ដូច​ឯកសារ​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​វិជ្ជា​របស់​លោក​សាស្រ្ដាចារ្យ​បណ្ឌិត វង្ស អែមសំអាន ត្រង់​ទំព័រ​២១៣ ដល់​២១៦ បាន​បង្ហាញ​ថា សាសនា​ជាភ្នាក់​ងារ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ត្រួត​ពិនិត្យ​សង្គម ហើយ​បាន​បំ​ពេញ​តួ​នាទី​ដ៏​សំខាន់​ក្នុង​សង្គម​នោះ ក្នុង​ការ​ធ្វើ​ឱ្យ​សង្គម​មាន​របៀបរៀបរយ ហើយ​ថែម​ទាំង​មាន​ឥទ្ធិពល​លើការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​ផង​ដែរ។

តួ​នាទី​ដ៏​សំខាន់​មួយ​ទៀត ដែល​គេ​មិន​អាច​មើល​រំលង​នោះ គឺ​ព្រះ​ពុទ្ធ​សាសនា​និង​វប្បធម៌។ នៅ​លើ​ទំព័រ​ទី១៥៥ នៃ​សៀវភៅ​សង្គម​វិជ្ជាជនបទ​របស់​លោក​សាស្រ្ដាចារ្យ​បណ្ឌិត វង្ស អែមសំអាន បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ក្នុង​វប្យធម៌​ខ្មែរ នៅ​តាម​វត្ត​អារាម​ជា​កន្លែង​គោរព​បូជា ដែល​ក្លាយ​ទៅ​ជាមជ្ឈ​មណ្ឌល នៅ​ក្នុង​សម័យ​បុរាណ និង​សហ​សម័យ​មកម្ល៉េះ។ ទាំង​នេះ គេ​នៅ​មិន​ទាន់​និយាយ​តួ​នាទី​ព្រះ​ពុទ្ធ​សាសនា​មាន​ឥទ្ធិពល​លើ​នយោបាយ​ផង។ បើ​យើង​ធ្វើ​ការ​ពិនិត្យ​លើ​នយោបាយ​ថ្នាក់​​ដឹក​នាំ​ស្រុក​ខ្មែរ​បាន​ច្បិចយកទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​បញ្ចូល​ទៅ​ក្នុង​ច្បាប់ ដើម្បី​គ្រប់​គ្រង​​ប្រទេស ដូចជា​ច្បាប់​មិន​ឱ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត ការ​គោរព​សិទ្ធ ការ​រើសអើង​វណ្ណៈជា​ដើម។

ជា​រួម​មក តួ​នាទី​ព្រះ​ពុទ្ធ​សាសនា​ពិត​ជា​បាន​ចូល​រួម​ចំណែក​ទ្រទ្រង់ និង​អភិវឌ្ឍ​សង្គម​ខ្មែរ​ច្រើន ដោយ​រាប់​ចាប់​ពីការ​ជួយ​បណ្ដុះ​គុណធម៌ សីលធម៌​ដល់​ជាតិ​ខ្មែរ អប់រំ​ចិត្ត​គំនិត​មនុស្ស​ឱ្យ​ល្អ​ប្រពៃ រួម​ទាំង​ទ្រទ្រង​វប្បធម៌​ខ្មែរ​…៕

No comments:

Post a Comment