​ប្រវត្តិ​ព្រៃម៉ាគី​សម័យ​សម្ដេច​ ​នរោត្តម​ ​សី​ហ​នុ


 

ឈ្មោះ​ព្រៃម៉ាគី​នៅ​ក្នុងស្រុក​ខ្មែរ​កើតមានឡើង​ក្រោយ​ព្រឹត្តិការណ៍​ទម្លាក់​សម្ដេច​ន​រោ​ត្ត​សី​ហ​នុ ​ចេញពី​រដ្ឋអំណាច​ ​ដែល​អ្នកខ្លះ​ហៅថា​ ​រដ្ឋប្រហារ​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​១​៩​៧​០​។​ ​ព្រឹត្តិការណ៍​នេះ​បាន​នាំ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​សន្ធោ​រ​សន្ធៅ​។​ ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​បាន​ក្លាយទៅជា​ចំណាប់ខ្មាំង​សង្គ្រាម​ ​ដោយ​ប្រជាជន​ម្ខាង​ស្ថិតនៅ​ក្នុង​ការ​គ្រប់គ្រង​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ ​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ​ ​លន់​ ​ន​ល់​។​ ​រីឯ​ប្រជាជន​ម្ខាងទៀត​ស្ថិតនៅ​ក្នុង​តំបន់រំដោះ​ដែល​មាន​សម្តេច​នរោត្តម​ ​សី​ហ​នុ ​ជា​ព្រះ​ប្រធាន​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​។​ ​ព្រះអង្គ​បាន​អំពាវនាវ​តាមវិទ្យុ​ពី​ទីក្រុង​ប៉េកាំង​មក​ ឱ្យ​កូនចៅ​ទាំងអស់​ចូល​ ​«​ព្រៃម៉ាគី​»​ ​ដែល​នៅ​ជិត​ៗ​ ​ដើម្បី​ឱ្យ​កូនចៅ​តស៊ូ​ដណ្តើមយក​ឯករាជ្យ​មកវិញ​។​

​តាមពិត​ឈ្មោះ​ ​«​ព្រៃម៉ាគី​»​ ​មកពី​ពាក្យ​បារាំង​ ​Ma​qu​i​s​។​ ​វា​ជា​ឈ្មោះ​ព្រៃស្រោង​មួយ​នៅ​ទិស​អាគ្នេយ៍​នៃ​ប្រទេស​បារាំង​ម្ដុំ​មាត់សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​ ​នៅ​ក្នុង​សម័យ​ស​ង្រ្គា​ម​លោក​លើក​ទី​២​ ​ណា​ស៊ី​អាល្លឺម៉ង់​ ​បាន​ចូលវាយលុក​លុយ​ប្រទេស​បារាំង​ ​ពេល​នោះ​ប្រជាជន​បារាំង​ក៏បាន​នាំគ្នា​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃម៉ាគី​នេះឯង​ ​ដើម្បី​បង្កើត​ជា​កម្លាំង​តស៊ូប្រឆាំង​ជាមួយនឹង​ពួក​អាល្លឺម៉ង់​ ​ដែល​បារាំង​ហៅថា​ ​l​e​s ​ma​qu​i​s​ar​d​s (​ទ័ពព្រៃ​)​។​

​ប្រវត្តិ​ព្រៃម៉ាគី​ក្នុង​ប្រទេស​កម្ពុជា​ ​គឺ​ចាប់ផ្ដើម​មាន​ឡើង​នៅពេលដែល​សម្ដេច​នរោត្តម​ ​សី​ហ​នុ ​ព្រះប្រមុខរដ្ឋ​កម្ពុជា​ ​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ដោយ​សភាជាតិ​ ​ខណៈ​ព្រះអង្គ​កំពុង​ស្ថិតនៅ​បរទេស​ ​គឺ​នៅ​ទីក្រុង​មូស្គូ​។​ ​ឯកសារ​ខ្លះ​បាន​សរសេរ​ថា​ ​ការ​ទម្លាក់​សម្ដេច​នរោត្តម​ ​សី​ហ​នុ ​ចេញពី​តំណែង​ ​គឺជា​រដ្ឋប្រហារ​ ​ប៉ុន្តែ​ឯកសារ​ខ្លះ​បាន​សរសេរ​ ​ថា​ ​មិនមែន​ជា​រដ្ឋប្រហារ​ទេ​។​ ​ការ​ទម្លាក់​នេះ​ ​គឺ​ត្រឹមត្រូវតាម​មាត្រា​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។​ ​សម្ដេច​នរោត្តម​សី​ហ​នុ ​ក្រោយ​ពី​ដឹង​ដំណឹង​គួរ​ជាទី​ភ្ញាក់ផ្អើល​នេះ​ហើយ​ ​ព្រះអង្គ​បាន​សុំ​សិទ្ធិជ្រកកោន​នយោបាយ​នៅ​សហភាពសូវៀត​ ​ក៏ប៉ុន្តែ​ការ​សុំ​សិទ្ធិ​នេះ​ត្រូវ​បាន​គេ​បដិសេធ​ ​ហើយ​យាង​ទ្រង់​ឡើង​យន្តហោះ​ទៅកាន់​បេ​កាំ​ង​ប្រទេស​ចិន​។​ ​នៅ​ព្រ​លាន​យន្តហោះ​ ​សម្ដេច​នរោត្តម​ ​សី​ហ​នុ ​មាន​ព្រះបន្ទូល​ថា​ ​ទ្រង់​អាច​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​។​

​អ្នកការ​សែត​បរទេស​បាន​រាយការណ៍​ថា​ ​បី​ថ្ងៃក្រោយ​ពី​ព្រឹត្តិការណ៍​ប្រកាស​ទម្លាក់​សម្ដេច​ន​រោ​ត្ត​សី​ហ​នុ​ពី​រដ្ឋអំណាច​ ​គឺ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ឆ្នាំ​១​៩​៧​០​ ​នាយករដ្ឋមន្ត្រី​វៀតណាម​ខាងជើង​ ​គឺ​លោក​ ​ផា​ម​ ​វ៉ាន់​ដុ​ង​ ​បាន​ធ្វើដំណើរ​យ៉ាង​អាថ៌កំបាំង​ទៅកាន់​ក្រុង​បេ​កាំ​ង​ ​ដើម្បី​ជួប​សម្ដេច​ន​រោ​ត្ត​សី​ហ​នុ​ជាមួយនឹង​លោក​ ជូ អ៊ិ​ន​ឡាយ​ ​ក្នុង​គោលបំណង​ផ្ដល់​ការ​គាំទ្រ​ដល់​សម្ដេច​នរោត្តម​ ​សី​ហ​នុ ​ជាពិសេស​គាំទ្រ​ដល់​ការ​បង្កើត​រណសិរ្ស​គ្រោះជា​តិ​កម្ពុជា​ចូលរួម​ជាមួយ​ខ្មែរក្រហម​ ​ក្រោម​សម្បថ​ថា​ ​ប្រទេស​វៀតណាម​នឹង​គោរព​បូរណភាពទឹកដី​ ​និង​ឯករាជ្យ​ភាព​របស់​កម្ពុជា​។​

​យោង​តាម​សៀវភៅ​ខ្មែរ​ក្រោក​របស់​លោក​ ​Just​in​ ​Cor​field​ ​បាន​សរសេរ​ថា​ ​ក្រោយ​ជំនួប​ពីរ​ថ្ងៃ​ ​សម្ដេច​ន​រោ​ត្ត​សី​ហ​នុ ​បាន​ប្រកាស​តាមវិទ្យុ​ពី​ក្រុង​ប៉េកាំង​ឱ្យ​មានការ​ក្រោក​ឡើង​កាន់​អាវុធ​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​។​ ​ចំណែក​ប្រមុខ​គ្រប់គ្រង​អំណាច​នៅ​ក្នុងស្រុក​ខ្មែរ​ឯណេះ​ ​ក៏​មិនបានការ​ប្រកាស​នេះ​ដែរ​ ​ដើម្បី​ទុក​ឱ្យ​ប្រជាជន​សម្រេច​ចិត្ត​ពេល​បានឮ​សម្ដី​ប្រកាស​របស់​សម្ដេច​នរោត្តម​សី​ហ​នុ​។​ ​ភ្លាម​ៗ​បន្ទាប់ពី​ការប្រកាស​នេះ​ ​សម្ដេច​សី​ហ​នុ ​បាន​បង្កើត​រាជរដ្ឋាភិបាល​រណសិរ្ស​រួបរួម​ជាតិ​របស់​ទ្រង់​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ ​ដែល​មាន​សម្ពន្ធភាព​ជាមួយនឹង​វៀតណាម​ខាងជើង​។​ ​រាជរដ្ឋាភិបាល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​សី​ហ​នុ​និយម​នៅ​បរទេស​និង​រដ្ឋមន្ត្រី​កុំ​មុ​យ​នី​ស្ដ​បី​រូប​។​ ​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេងទៀត​ ​បាន​សរសេរ​ថា​ ​ជាមួយនឹង​ការ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​របស់​ទ្រង់​ ​ទ្រង់​ក៏បាន​អំពាវនាវ​តាមវិទ្យុ​ពី​ទីក្រុង​ប៉េកាំង​ឱ្យ​កូនចៅ​រត់​ចូល​ព្រៃម៉ាគី​ ​ដើម្បី​តស៊ូ​ទាមទារ​អំណាច​ថ្វាយ​សម្ដេច​ឪ​វិញ​។​

​ព្រៃម៉ាគី​ត្រូវ​បាន​បញ្ជាក់​នៅ​ខាងដើម​រួចហើយ​ ​តាមពិត​សម្ដេច​សី​ហ​នុ​បាន​ប្រើប្រាស់​ឈ្មោះ​ ​ព្រៃម៉ាគី​ ​ឬ​អាច​និយាយ​ម្យ៉ាងទៀត​ថា​ ​សម្ដេច​សី​ហ​នុ​យកលំនាំតាម​ប្រជាជន​បារាំង​នាំគ្នា​គេច​ខ្លួន​ចូល​ព្រៃម៉ាគី​ ​ដើម្បី​បង្កើត​ជា​កម្លាំង​តស៊ូប្រឆាំង​ជាមួយនឹង​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ ​ដែល​បាន​វាយលុក​បាំ​រាំង​ក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​២​។​ ​ក្រោយពេល​ដែល​សម្ដេច​សី​ហ​នុ​បង្កើត​រាជរដ្ឋាភិបាល​ថ្មី​ ​គឺ​នៅ​ឆ្នាំ​១​៩​៧​៣​ ​ចិន​និង​វៀតណាម​បាន​គប់គិត​គ្នា​បញ្ជូន​ព្រះអង្គ​ចូល​មកកាន់​ព្រៃម៉ាគី​ ​ដោយ​ចិន​យាង​ព្រះអង្គ​តាម​ជើង​ហោះហើរ​ពី​ប៉េកាំង​មកកាន់​ព្រ​លាន​យន្តហោះ​នៅ​ទីក្រុង​ហាណូយ​។​ ​តមកទៀត​ ​គឺ​វៀតណាម​បាន​បញ្ជូន​ព្រះអង្គ​ដោយ​ក្បួន​រថយន្ត​តាមផ្លូវ​លំ​ហូ​ជី​មិញ​មកដល់​ព្រំប្រទល់​ខេត្ត​ស្ទឹង​ត្រែង​។​ ​មកដល់​នៅ​ទីនោះ​ ​វៀតណាម​ក៏​ប្រគល់​ព្រះអង្គ​មក​ពួក​រំដោះ​ជាតិ​។​ ​ពួក​រំដោះ​បាន​យាង​ព្រះអង្គ​ចូល​ប្រទេស​ដោយ​ថ្មើរជើង​នា​ពេលយប់​ ​ព្រោះ​ពួកគេ​ខ្លាច​យន្តហោះ​អង្កេត​ការ​របស់​សាធារណរដ្ឋ​ឃើញ​វត្តមាន​ពួកគេ​។​ ​នៅ​តំបន់​តស៊ូ​រំដោះ​ជាតិ​ត្រូវ​បាន​គេ​បាន​សង់ផ្ទះ​ថ្វាយព្រះ​អង្គ​និង​អ្នកម្នាង​របស់​ទ្រង់​។​ ​ទ្រង់​ទាំងពីរ​ត្រូវ​បាន​គេ​ថតរូប​ថ្វាយ​ទ្រង់​នៅ​ពីមុខ​ផ្ទះ​នោះ​ ​ដោយ​ហៅ​រូបថត​នោះ​ថា​ ​«​គឺជា​សេតវិមាន​របស់យើង​នៅ​ក្នុង​តំបន់រំដោះ​»​។​

​មាន​សំណួរ​ថា​មូលហេតុ​​​អ្វី​បានជា​ចិន​និង​វៀតណាម​បញ្ជូន​សម្ដេច​សី​ហ​នុ​មកកាន់​តំបន់​ព្រៃម៉ាគី​ក្នុង​ឆ្នាំ​១​៩​៧​៣​? ​គឺ​នៅ​ពេល​ព្រះអង្គ​មកដល់​ព្រំប្រទល់​ទឹកដី​ខេត្ត​ស្ទឹង​ត្រែង​ ​គឺ​គេ​ពុំ​អនុញ្ញាត​ឱ្យ​វៀតណាម​ចូល​ឡើយ​។​ ​ពោល​គឺ​គេ​អនុញ្ញាត​ឱ្យ​ចូល​តែ​អ្នកកាសែត​ចិន​ប៉ុណ្ណោះ​។​ ​នេះ​ជា​ការ​គប់គិត​គ្នា​រវាង​ចិន​និង​វៀតណាម​ ​ដែល​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​ឱ្យ​ដឹង​ថា​ ​តំបន់រំដោះ​មាន​វិសាលភាព​ធំធេង​ខ្លាំង​ប៉ុនណា​។​ ​គេ​យាង​ទ្រង់​ទៅកាន់​ភ្នំ​គូ​លេ​ន​ស្ថិតនៅ​ខេត្ត​សៀមរាប​។​ ​សម្ដេច​សី​ហ​នុ​បាន​ថតរូប​ជាមួយ​ពួក​ខ្មែរក្រហម​ ​ពេល​កំពុង​ធ្វើដំណើរ​ក្នុង​ព្រៃ​នៃ​តំបន់​នោះ​ទៀត​ផង​ ​ប៉ុន្តែ​ទ្រង់​មិនបាន​ដឹង​ថា​ ​នរណា​ជា​មេ​ខ្មែរក្រហម​នៅ​ក្នុង​ព្រៃ​តស៊ូ​រំដោះ​ឡើយ​។​ ប៉ុ​ល​ ​ព​ត​ ​ឬ​ ​សា​ឡុ​ត​ ​ស​ ​បាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ថា​ ​ប្រសិនបើ​យើង​ចេះ​លាក់​ការសម្ងាត់​ ​យើង​ឈ្នះ​សង្គ្រាម​៥​០​ភាគរយ​រួច​ទៅ​ហើយ​។​ ​សម្ដេច​សី​ហ​នុ​ពុំបាន​ដឹង​ថា​ ប៉ុ​ល​ ​ព​ត​ ​ដែល​ថតរូប​នៅ​ជិត​ព្រះអង្គ​ ​ជា​មេ​ខ្មែរក្រហម​ទេ​។​ ​ទ្រង់​ជឿជាក់​ថា​ ​ខៀវ​ ​សំ​ផន​, ​ហ៊ូ​ ​យន់​, ​ហ៊ូ​ ​នឹម​ ​ជា​មេ​ខ្មែរក្រហម​ ​ព្រោះ​ទ្រង់​ប្រកាស​ពេល​ចូល​ព្រៃម៉ាគី​ដើម្បី​តស៊ូ​រំដោះ​ជាតិ​កម្ពុជា​ ​មនុស្សបីនាក់​នេះ​ត្រូវ​បាន​សម្លាប់ចោល​ហើយ​។​ ​តាមពិត​ ​មនុស្សបីនាក់​នេះ​បាន​រត់​គេច​ចូលព្រៃ​ទៅ​ធ្វើការ​តស៊ូ​រំដោះ​ជាតិ​តាម​ការរៀបចំ​នយោបាយ​របស់​សម្ដេច​នរោត្តម​សី​ហ​នុ​ទៅវិញ​ទេ​។​

​ពេល​នោះ​ប្រជាជន​ខ្មែរ​នៅ​ជនបទ​យ៉ាង​ច្រើន​ ​ដែល​ស្រឡាញ់​របប​រាជា​និយម​បាន​រត់​ចូល​ព្រៃម៉ាគី​ ​តាម​ការ​អំពាវនាវ​របស់​សម្ដេច​សី​ហ​នុ​។​ ​កម្លាំង​ប្រជាជន​ដែល​រត់​ចូលព្រៃ​ ​រួម​ជាមួយ​កងទ័ព​ខ្មែរក្រហម​មានស្រាប់​នៅ​ក្នុង​ព្រៃ​តាំងពី​មុន​ពេល​ការ​ធ្វើ​រដ្ឋប្រហារ​បាន​ធ្វើ​ឱ្យ​ចំនួន​កងទ័ព​នៅ​ក្នុង​ព្រៃ​ទាំងនោះ​មាន​កាន់តែ​ច្រើនឡើង​។​ ​យោង​តាម​សៀវភៅ​ប្រវត្តិ​សា​ស្រ្ត​ខ្មែរ​ដែល​និពន្ធ​ដោយ​លោក​ ដេវិ​ឌ​ ​ឆា​ណ្ឌ​ល​័​រ​ ​បាន​ឱ្យ​ដឹង​ថា​ ​ត្រង់នេះ​ហើយដែល​បង្កើន​ប្រជាប្រិយភាព​ដល់​ទ័ព​ខ្មែរក្រហម​ប្រយុទ្ធ​ជោគជ័យ​លើ​ទ័ព​របប​សាធារណរដ្ឋ​របស់​លោក​ ​លន់​ ​ន​ល់​។​ ​កត្តា​មួយទៀត​ ​គឺ​ក្រោយពេល​ដែល​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ា​រី​ស​ប្រសូត​ឡើង​ឆ្នាំ​១​៩​៧​៣​ ​អាមេរិក​បាន​បង្ខំ​ដកទ័ព​អស់​ចេញពី​វៀតណាម​ ​ហើយ​ជំនួយ​យោធា​ទាំង​វៀតណាម​ខាងត្បូង​ ​និង​សាធារណរដ្ឋ​ខ្មែរ​ ​ក៏​ត្រូវ​បាន​កាត់ផ្ដាច់​។​ ​ពេល​នោះ​ហើយដែល​របប​សាធារណរដ្ឋ​ទាំងពីរ​នេះ​គ្មាន​ពំនឹង​ ​គឺ​មានតែ​បណ្ដោយ​តាម​យថាកម្ម​រហូតដល់​សង្គ្រាម​ចុងក្រោយ​នៃ​ដង្ហើម​ជីវិត​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ ​ដែល​ដាច់ត្រឹម​ថ្ងៃ​ទី​១​៧​ ​ខែ​មេសា​ ​ឆ្នាំ​១​៩​៧​៥​៕​

No comments:

Post a Comment